Translate

Saturday, August 1, 2020

ប្រធានបទ៖ ទស្សនៈមួយបានលើកឡើងថា ​«ការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១»។​ ចូរបកស្រាយអធិប្បាយពន្យល់លើកអំណះអំណាងមកបញ្ជាក់ឲ្យបានច្បាស់លាស់។

សេចក្ដីអធិប្បាយ

        ការសិក្សានឹងការអប់រំគឺជាធាតុស្នូលដ៏សំខាន់ពុំអាចខ្វះបានក្នុងជីវភាពរស់នៅរបស់មនុស្សជាតិ។​ ភាពបន្តឥតព្រំដែននៃការសិក្សារៀនសូត្រ គ្មានអ្វីជាទីបញ្ចប់ឡើយ ដរាបណាជីវិត ការតស៊ូ និងភាពជឿជាក់លើខ្លួនឯងនៅតែមាន ស្របតាមសម័យកាលទំនើបភាវូបនីយកម្មនៃពិភពលោកបច្ចុប្បន្ន និងទៅអនាគតជុំវិញបញ្ហាការសិក្សានិងការអប់រំនេះ ទើបមានទស្សនៈបានលើកឡើងថា «ការសិក្សាពេញមួយជីវិត គឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១»។

            ហេតុអ្វីបានជារបៀបនៃការអប់រំក្នុងសតវត្សទី​២១ គឺជាការសិក្សាពេញមួយជីវិត?

      មុននឹងធ្វើការបកស្រាយ អធិប្បាយពន្យល់ ជាបឋមត្រូវស្វែងយល់នូវន័យរបស់ពាក្យគន្លឹះជាមុនសិន។​ «ការសិក្សា គឺជាការរៀនសូត្រ ការក្រេបយកនូវចំណេះ ទាំងចំណេះដឹង និងចំណេះធ្វើ។ រីឯ «ការអប់រំ» សំដៅដល់ការបណ្ដុះបណ្ដាល បំពាក់បំប៉នមនុស្សឲ្យក្លាយជាធនធានអ្វីមួយដែលគេចង់បាន។ ដោយឡែក «សតវត្សទី២១» គឺជាយុគសម័យថ្មី សម័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ បានសេចក្ដីថា ការសិក្សារៀនសូត្រពេញមួយជីវិត គឺជាវិធីសាស្ត្រនៃការបណ្ដុះបណ្ដាល បំពាក់បំប៉នមនុស្សស្របតាមសម័យសកលភាវូបនីយកម្ម ពោលគឺសតវត្សទី ២១ ដែលជាយុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបនេះឯង។

        ជាការពិតណាស់ ការសិក្សាអស់មួយជីវិត គឺពិតជាស្របស្រួលទៅនឹងការរស់នៅផងដែរ បើយើងពិនិត្យមើលរបៀបនៃការអប់រំក្នុងសតវត្សទី២១ ពិសេសបើនិយាយពីបែបបទនៃការអប់រំក្នុងសតវត្សទី២១ យើងឃើញថាការអប់រំដោយមិនប្រកាន់ភេទ វ័យ និងវណ្ណៈ។ ការអប់រំក្នុងប្រព័ន្ធ ដោយសិក្សាសដោយផ្ទាល់ជាមួយគ្រូជាដើម និងការអប់រំក្រៅប្រព័ន្ធ ដោយការអប់រំនឹងការស្រាវជ្រាវផងដែរ។ បើនិយាយពីគោលបំណងនៃការអប់រំក្នុងសម័យសកលភាវូនីយកម្មសតវត្សទី២១ ពិសេសតាមរយៈចតុស្តម្ភនៃការអប់រំ គឺអប់រំចំណេះដឹង ចំណេះធ្វើ អប់រំសីលធម៌ អប់រំអោយចេះរួបរួមស្របស្រួលក្នុងសង្គមប្រកបទៅដោយសន្តិសហវិជ្ជមានថែមទៀតផង។ បើនិយាយពីសមាសភាពអប់រំទាំងប្រាំមួយរួមមាន អប់រំកាយ អប់រំបញ្ញា អប់រំពលកម្ម អប់រំសុខភាព អប់រំសោភ័ណ។ លើសពីនេះ ចក្ខុវិស័យបេសកកម្ម វត្ថុបំណង និងផែនការយុទ្ធសាស្ត្រលើវិស័យអប់រំ ក៏ជាវិធីសាស្រ្តនៃប្រព័ន្ធអប់រំក្នុងសតវត្សថ្មីនេះដែរ។ លើផ្នែកចក្ខុវិស័យ គឺកសាងនិងអភិវឌ្ឍធនធានមនុស្សឲ្យសម្រេចតាមចតុស្តម្ភ និងសមាសភាពនៃការអប់រំ។ លើផ្នែកបេសកកម្ម គឺគ្រប់គ្រងអភិវឌ្ឍវិស័យអប់រំស្របតាមកម្មវិធីអភិវឌ្ឍជាតិ។ វត្ថិបំណង គឺមានវត្ថុបំណងចំពោះមុខ និងយុអង្វែង។ វត្ថុបំណងចំពោះមុខ គឺធានាថាយុវជនមានឱកាសស្មើគ្នា គ្មានការរើសអើងក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ ឯវត្ថុបំណងយូរអង្វែង គឺអភិវឌ្ឍយុវជនឲ្យមានស្មារតីជាតិ មោទនភាពជាតិ មានសីលធម៌ និងគុណភាពខ្ពស់ សុទិដ្ឋិនិយមចំពោះជាតិ និងមានសមត្ថភាពខ្ពស់។ ជាក់ស្ដែង អាជីវកម្មប្រចាំថ្ងៃ យើងឃើញថាអាជីវករត្រូវស្វែងយល់ពីបរិបទ នៃមុខជំនួញរកស៊ីរបស់មនុស្សស្របតាមស្ថានភាពសង្គម។ រីឯប្រជាកសិករត្រូវស្វែងយល់ពីការដាំដុះ ការថែរក្សា និងទីផ្សារកសិផលជាដើម។ ដោយឡែក អ្នកជំនាញឯកទេសដូចជាគ្រូបង្រៀន ត្រូវសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីផ្ដល់ពុទ្ធិពិតប្រាកដដល់សិស្ស និស្សិត។​ គ្រូពេទ្យត្រូវខិតខំស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ដើម្បីស្វែងរកវិធីសាស្ត្រល្អៗក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆាប់ជាសះស្បើយ។ អ្នកនិពន្ធត្រូវសិក្សាគ្រប់បរិធាតុនៃសង្គមកម្ម និងបរិបទទូទៅនៃសង្គមមនុស្ស។ សិស្ស និស្សិត ត្រូវស្វ័យសិក្សាជាប្រចាំថ្ងៃ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមុខវិជ្ជាសិក្សាផ្សេងៗនៅកម្រិតមធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា។ ពិសេសជានេះទៅទៀតបើយើងពិនិត្យក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ យើងក៏អាចទាញយកនូវទិដ្ឋភាពនៃការសិក្សារៀនសូត្រពេញមួយជិវិតរបស់តួអង្គនានាមកបង្ហាញផងដែរ។ បទពិសោធន៍ដែលកើតចេញពីចំណេះដឹង ពោលគឺការិសិក្សារៀនសូត្រនេះ វាស្របស្រួលទៅនឹងបរិបទនៃការអប់រំក្នុងសម័យបច្ចេកវិទ្យាទំនើបនេះថែមទៀត។ តួយ៉ាងតួអង្គចៅចិត្រ ក្នុងរឿងកុលាបបៃលិន តួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ អ្នកនិពន្ធសុទ្ធតែបានធ្វើការបង្ហាញពីការសិក្សារៀនសូត្ររបស់តួអង្គ ដែលមិនព្រមធ្វើជាទាសករនៃភាពក្រីក្រនោះឡើយ។

            ជារួមមក ការសិក្សារៀនសូត្រពេញមួយជីវិត គឺពិតជាសត្តិសមទៅនឹងបែបបទនៃការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិ។

            ឆ្លងតាមការបកស្រាយ និងអំណាះអំណាងខាងលើរួមមក យើងអាចវាយតម្លៃជាចុងក្រោយបានថា ការលើឡើងនៃពំនោលខាងលើនេះ គឺពិតជាមានតម្លៃជាសកល គ្រប់ជ្រុងជ្រោយ ដ្បិតបានបង្ហាញពីភាពគ្មានព្រំដែន និងនិរន្តភាពនៃចំណេះដឹង ស្របស្រួលទៅនឹងការអប់រំនាសតវត្សទី ២១៕

ស្មេរ៖ ចិន ស្រីឡាត់
សូមអរគុណចំពោះការអានពីដើមរហូតដល់ចប់ 🙏

No comments:

Post a Comment