Translate

Saturday, August 15, 2020

អត្ថបទទី១ តម្លៃនៃជីវិត

រឿងនិទាននៅខាងក្រោមនេះជាសៀវភៅរឿងព្រេងរបស់សាសនាមួយដែលបានកើតឡើងប្រហែលជា ៥០០ ឆ្នាំមុនគ.ស នៅភាគខាងជើងប្រទេសឥណ្ឌា ក្នុងរដ្ឋ មួយ ដែលបច្ចុប្បន្ននេះស្ថិតក្នុងប្រទេសប៉ាគីស្ថាន ។ 

    កាលនោះមានក្មេងប្រុសម្នាក់បានសួរទៅកាន់លោកគ្រូរបស់គេថា៖«តើតម្លៃនៃជីវិតរបស់ខ្ញុំគឺជាអ្វី?» 

បន្ទាប់ពីបានលឺសំណួរនេះ គ្រូក៏បានអោយដុំថ្មមួយទៅកាន់ក្មេងប្រុសនោះ ហើយប្រាប់ថា៖«ចូរឯងទៅស្វែងរកតម្លៃនៃដុំថ្មនេះសិន តែដាច់ខាតឯងកុំអាលលក់ថ្មនេះអោយសោះ។»

ក្មេងប្រុសនោះក៏បានកាន់ដុំថ្មមួយនោះរត់ចេញទៅ ។ នៅតាមផ្លូវ វាបានសាកសួរអ្នកលក់ក្រូចម្នាក់ថា៖«តើលោកអោយតម្លៃថ្មមួយដុំនេះប៉ុន្មាន?» ដោយបានឃើញថាថ្មមួយដុំនោះហាក់ដូចជាភ្លឺគួរសមដែរ អ្នកលក់ក្រូចក៏សម្រេចដូរក្រូច ១២ផ្លែរបស់ខ្លួនជាមួយនឹងថ្មរបស់ក្មេងនោះ។ តែក្មេងប្រុសនោះនិយាយថា៖«សូមទោស! ខ្ញុំមិនអាចលក់ថ្មនេះបានឡើយ ព្រោះនេះជាបណ្ដាំរបស់លោកគ្រូខ្ញុំ។» 

បន្ទាប់មកទៀត ក្មេងប្រុសម្នាក់នោះក៏បានធ្វើដំណើរបន្តទៅទៀត ហើយក៏បានទៅជួបជាមួយអ្នកលក់បន្លែ។​​ វាក៏សួរសំណួរដដែលនោះទៅកាន់អ្នកលក់បន្លែវិញម្ដង។ បន្ទាប់ពីសង្កេតមើលយ៉ាងល្អិតល្អន់ហើយ អ្នកលក់បន្លែក៏បាននិយាយថា៖«យកដំឡូងបារាំងមួយថង់ធំនេះចុះ ហើយអោយថ្មនោះមកខ្ញុំ។ ក្មេងប្រុសនោះក៏បានបដិសេធ ដោយប្រាប់ពីហេតុផលដែលវាមិនអាចលក់បាន។ 

ក្រោយមក វាក៏បានចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង ដើម្បីសួរតម្លៃរបស់ថ្មនោះ។ ម្ចាស់ហាងក៏បានយកឧបករណ៍មកឆ្លុះមើលថ្មនោះ ហើយក៏និយាយថា៖«ខ្ញុំអោយតម្លៃឯង ២០លាន។» ក្មេងនោះក៏តបថា៖«ខ្ញុំមិនអាចលក់វាបានទេ។» ម្ចាស់ហាងក៏បន្តទៀតថា៖«ឥឡូវខ្ញុំថែមអោយ ៥លានទៀត។» ក្មេងនោះក៏បានបដិសេធថា៖«សុំទោស ខ្ញុំមិនអាចលក់វាបានទេ។»

ក្មេងម្មាក់នោះក៏បានដើរចេញពីហាងនេះ ហើយវាបានឃើញហាងលក់ថ្មមានតម្លៃមួយកន្លែង វាក៏បានបង្ហាញថ្មមួយដុំនោះទៅកាន់ម្ចាស់ហាង។ គ្រាន់តែក្រឡេកឃើញថ្មនោះភ្លាម ម្ចាស់ហាងក៏បានលាន់មាត់ថា៖«នេះជាថ្មមានតម្លៃកម្រមាន ហើយពិបាករកខ្លាំងណាស់ បើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួន និងទ្រព្យសម្បត្តិតរបស់ខ្ញុំក៏ប្រហែលជា មិនអាចទិញថ្មដ៏កម្រនិងមានតម្លៃនេះបានដែរ។» ក្មេងប្រុសនោះឈរស្ដាប់ទាំងមានអារម្មណ៍ភ្ញាក់ផ្អើល និងមានអារម្មណ៍ស្រពេជ្រស្រពិលក្នុងចិត្តជាខ្លាំង។ 

បន្ទាប់មក វាក៏បានរត់ទៅប្រាប់លោកគ្រូរបស់វាពីរឿងរ៉ាវដែលបានកើតឡើង។ ទើបលោកគ្រូបានសួរតបវិញថា៖«តើឯងបានរកឃើញគុណតម្លៃជិវិតរបស់ឯងហើយឬនៅ?»

ចម្លើយដែលឯងទទួលបានពីអ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់គ្រឿងអលង្ការ និងអ្នកលក់ថ្មមានតម្លៃ គឺជាការពន្យល់អំពីតម្លៃនៃជីវិតរបស់យើងម្នាក់ៗ។ វាមិនសំខាន់ថា យើងកើតមកក្នុងឋានៈគ្រួសារអ្នកមានឬ គ្រួសារអ្នកក្រ សម្បុរយើងខ្មៅឬស មានមុខមាត់ល្បីល្បាញក្នុងសង្គមនោះទេ។ 

ដូចនេះមនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃ គ្រាន់តែតម្លៃរបស់យើង មិនប្រាកដថាមនុស្សគ្រប់គ្នាអាចមើលឃើញដូចគ្នានោះទេ។ អ្នកខ្លះមើលឃើញតម្លៃរបស់យើងស្មើរនឹងផ្លែក្រូច ១២ផ្លែ អ្នកខ្លះមើលឃើញរហូតដល់ ២០លានឬលើសពីនឹងទៀតក៏មាន។ សម្រាប់ខ្ញុំវិញ ពេលវេលាដែលខ្ញុំធំដឹងក្ដីកន្លងមក ខ្ញុំបាននៅក្បែរមនុស្សជាច្រើន ដែលបានមើលឃើញតម្លៃរបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគ្រាន់តែជាដុំថ្មដែលមានតម្លៃត្រឹមតែផ្លែក្រូច​ ១២ផ្លែ ឬតិចជាងនឹង។ ប៉ុន្ដែសំណាងល្អដែលខ្ញុំបានមករៀននៅ ឡាយគ្រុប បានជួបមនុស្សដែលគាត់មើលពិភពលោកក្នុងផ្លូវល្អ មនុស្សដែលមើលឃើញពីតម្លៃនិងការគិតរបស់ខ្ញុំល្អៗ។ ពេលដែលយើងកំពុងជួបប្រទះ ឬរស់នៅក្នុងស្ថានភាពមួយដែលមនុស្សមើលឃើញតម្លៃរបស់យើងត្រឹមតែក្រូច ១២ផ្លែ កុំខឹងនឹងមនុស្សទាំងនោះអី ព្រោះពួកគេគ្រាន់តែមិនបានមើលឃើញពីតម្លៃរបស់យើងតែប៉ុណ្ណោះ។ យើងគ្រាន់តែដើរចេញពីមនុស្សទាំងអស់នោះ ហើយទៅរកមនុស្សដែលគេមើលឃើញពីតម្លៃរបស់យើងវិញ។ 

ដូចគ្នានេះដែរ យើងគ្រប់គ្នាសុទ្ធតែដឹងថា ពេជ្រគឺជាវត្ថុដ៏មានតម្លៃ តែបើយើងបាចពេជ្រ និងស្រូវទៅលើដី អោយមាន់រើស ប្រាកដណាស់មាន់នឹងត្រេកត្រអាលរើសយកគ្រាប់ស្រូវ ដោយមិនខ្វល់ពីគ្រាប់ពេជ្រឡើយ។ តើវាមានន័យថា ពេជ្រនោះជារបស់ដែលគ្មាតម្លៃមែនទេ? មិនមែនទេ ពេជ្រនៅតែជាពេជ្រ វានៅតែជារបស់មានតម្លៃគ្រាន់តែតម្លៃរបស់វាមិនត្រូវបានមាន់មើលឃើញតែប៉ុណ្ណោះ។ 

ចូរជ្រើសរើសនៅក្បែរមនុស្សដែលឃើញពីតម្លៃរបស់យើង និងឧស្សាហ៍រំលឹកយើងអោយមើលឃើញពីតម្លៃរបស់ខ្លួនឯង។​ កុំគិតថា ខ្លួនឯងគ្មានតម្លៃដោយសារតែអ្នកដទៃមិនបានមើលឃើញពីតម្លៃរបស់យើង។ ជួនកាលក្នុងជីវិតរបស់យើង យើងធ្វើរឿងដដែលៗមានតម្លៃតែមិនត្រូវបានមនុស្សមើលឃើញ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា៖«សូមបន្តធ្វើវាទៀតចុះ ព្រោះថ្ងៃណាមួយតម្លៃរបស់យើងប្រាកដជាមានមនុស្សមើលឃើញជាមិនខាន។ ជួនកាល យើងកំពុងតែគ្មានអ្វីទាំងអស់ លុយកាក់ ឋានៈ កេរ្តិ៍ឈ្មោះ កិត្តិយស តែក៏នៅតែមានមនុស្សមើលឃើញតម្លៃរបស់យើង។ មនុស្សទាំងនោះពិបាករកខ្លាំងណាស់។ ដូចនេះ ចូរថែរក្សាគេអោយបានល្អបំផុត តែបើពេលនេះអ្នកមិនទាន់ជួបមនុស្សប្រភេទនោះទេ​ ក៏កុំទាន់អស់សង្ឃឹមអី បន្តព្យាយាមស្វែងរកពួកគេ ថ្ងៃណាមួយអ្នកនឹងប្រាកដជាបានជួបជាក់ជាមិនខាន។​ ខ្ញុំសុខចិត្តធ្វើការអោយខ្លួនឯងមួយរយៈ ប្រសើរជាជាងធ្វើការជាមួយមនុស្សច្រើននាក់ ដែលគេមិនបានមើលឃើញពីតម្លៃរបស់ខ្ញុំ។»

ដកស្រង់ចេញសៀវភៅ កូនសិស្សជីវិត (1)​​ --​ និពន្ធដោយ​ សេង ហ្គេចលី

No comments:

Post a Comment