Translate

Saturday, August 15, 2020

អត្ថបទទី២ ធំចេញពីតូច

វគ្គទី១៖

    ដើមឈើធំមួយដែលមានអាយុប្រមាណ ២០០០ឆ្នាំ វាមានកម្ពស់ប្រហែលជាអាគារ ៣៣ជាន់ ហើយត្រូវបានរកឃើញដំបូងក្នុងឧទ្យានមួយនៅរដ្ឋកាលីហ្វញ៉ា។ វាជាដើមឈើដ៏ធំបំផុតក្នុងលោក។​ តែអ្វីដែលសំខាន់ ដើមឈើដ៏ធំមួយនេះដុះចេញពីគ្រាប់ពូជដ៏តូចមួយតែប៉ុណ្ណោះ។ ចំណែកមនុស្សយើង ក៏ដូចគ្នាដែរ មនុស្សខ្លះតូចទាប រៀនមិនសូវពូកែ មនុស្សដែលបរាជ័យ ឬក្រីក្រ មនុស្សដែលយើងក្រឡេកមើលទៅជីវិតរបស់ពួកគាត់ហាក់បីដូចជាគ្មានអ្វីសោះ។ យើងក្រឡេកមើលទៅពួកគាត់ដូចជាគ្រាប់ពូជដ៏មួយអញ្ចឹង ដោយមិនបានដឹងទេថា បើគេទទួលបានការមើលថែមួយដ៏ល្អ ជួបគ្រូឬអ្នកណែនាំដែលត្រឹមត្រូវ ឬបានអានសៀវភៅល្អ ប្រៀបដូចជាគ្រាប់ពូជមួយដ៏តូចមួយដែលទទួលបានការមើលថែ ស្រោចទឹក ដាក់ជី ឬទទួលបានជីវជាតិពីដី ហើយក្លាយជាដើមឈើដ៏ធំខ្ពស់ហួសពីការគិត។ ខ្លួនយើងក៏ដូចគ្នាដែរ បើពេលនេះ យើងមើលឃើញខ្លួនឯងប្រៀបដូចជាគ្រាប់ពូជដ៏តូចដែលគ្មានតម្លៃ សូមកុំវិនិច្ឆ័យអោយសោះ ។

    យើងត្រូវបន្តស្រោចទឹក ដាក់ជី ស្វែងរកអ្វីល្អៗដាក់ខ្លួនយើង។ ចូរអ្នកក្រឡេកទៅមើលបុគ្គលល្បីៗមួយចំនួនដូចជា J.K. Rowling, Steve Job, Jack Ma...ពួកគាត់ពីមុនសុទ្ធតែជាគ្រាប់ពូជដ៏តូចមួយដែលគ្មានតម្លៃ តែពេលនេះពួកគាត់បានក្លាយខ្លួនជាមនុស្សដែលជោគជ័យយ៉ាងអស្ចារ្យ។ 

ដើមឈើដ៏ធំអស្ចារ្យ កាលពីដំបូងគ្រាន់តែជាគ្រាប់ពូជដ៏តូចមួយដែលមិនព្រមចុះចាញ់នឹងការលំបាកដែលជីវិតផ្ដល់អោយតែប៉ុណ្ណោះ។ អ្នកក៏អាចធ្វើបានដូចគ្នា កុំរាលថយ កុំអស់សង្ឃឹមអោយសោះ ហើយបន្តអភិវឌ្ឍន៍ខ្លួនជានិច្ច។ កុំខ្វល់ពីពាក្យវិនិច្ឆ័យរបស់អ្នកដទៃ ហើយយើងខ្លួនឯងក៏កុំវិនិច្ឆ័យអ្នកដទៃដូចគ្នា។ កុំវិនិច្ឆ័យដើមឈើពេលដែលវារីកលូតលាស់ធំ ហើយកុំវិនិច្ឆ័យនរណាម្នាក់ថាល្ងង់ នៅពេលដែលម្នាក់នោះកំពុងសិក្សារៀនសូត្រ ស្វែងយល់ពីចំណេះដឹង។

វគ្គទី២៖

    ហាងកាហ្វេមួយនៅក្នុងប្រទេសស្កុតឡែន ដែលជាកន្លែងដើមកំណើតរបស់សៀវភៅ HARRY POTTER វគ្គមួយ​ ហើយសៀវភៅនេះនិពន្ធដោយ J.K. Rowling ជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់។ នៅតាមជញ្ចាំងហាងកាហ្វេនេះមានសុទ្ធតែពាក្យសសើរពីអ្នកគាំទ្រជាច្រើនដល់គាត់ ដែលបានសរសេរសៀវភៅនេះឡើងមក។ ពេលដែលគាត់ចាប់ផ្ដើមសរសេរសៀវភៅនេះដំបូង មិនមាននរណាម្នាក់ស្គាល់គាត់ទាល់តែសោះ គាត់គ្រាន់តែអង្គុយដ៏ស្ងៀមស្ងាត់តែម្នាក់ឯង ហើយសរសេរសៀវភៅនោះមួយថ្ងៃបន្តិចៗ រហូតដល់តែចប់។ ហើយដល់សព្វថ្ងៃនេះ គាត់បានក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាល និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញអស្ចារ្យ ហើយបានលើកទឹកចិត្តមនុស្សជាច្រើនអោយស្រលាញ់ការអាន ការសរសេរ។ ដើមកំណើតរបស់គាត់កើតចេញពីការសរសេរនៅក្នុងហាងកាហ្វេតូចមួយនេះតែប៉ុណ្ណោះ ។ ដូចដែលបានលើកឡើងពីខាងលើកអញ្ចឹង គ្រប់យ៉ាងដែលធំ ល្បីល្បាញអស្ចារ្យនៅក្នុងលោកនេះសុទ្ធតែមានដើមកំណើតចេញពីអ្វីដែលតូចមួយតែប៉ុណ្ណោះ។ ដូចជាប្រាសាទអង្គវត្ត ពីរ៉ាមីត កំពែងរបស់ចិន ក៏កើតចេញពីថ្មដុំល្អិតតូចៗផ្គុំចូលគ្នាដែរ។ បើយើងមានក្ដីសុបិនធំ តែអ្វីដែលយើងកំពុងតែធ្វើពេលនេះ មើលទៅវាដូចជាតូចតាច ទើបតែចាប់ផ្ដើមនិងធ្វើវាមិនទាន់លេចចេញជារូបរាង ឬនរណាម្នាក់ស្គាល់ សូមអ្នកកុំអស់សង្ឃឹមអី ព្រោះនេះហើយជាដើមកំណើតនៃអ្វីដែលធំអស្ចារ្យ អោយតែយើងតស៊ូធ្វើវាមិនបោះបង់។ ធ្វើមួយថ្ងៃបន្តិៗ ធ្វើតាមវិន័យ មិនមែនធ្វើតាមអារម្មណ៍ នោះថ្ងៃណាមួយអ្នកនឹងអាចសម្រេចនៅក្ដីសុបិន្តរបស់អ្នក។

ដំណើររាប់ពាន់យោជន៍ ចាប់ផ្ដើមពីជំហានទី១។

ដកស្រង់ចេញពី សៀវភៅកូនសិស្សជីវិត​ (1) --និពន្ធដោយ សេង ហ្គិចលី

No comments:

Post a Comment