Translate

Saturday, August 22, 2020

តួឯក

     តួឯក គឺជាពាក្យមួយដែលមនុស្សគ្រប់រូបតែងប្រាថ្នាចង់បាន។ កាលនៅកុមារភាព អ្នកទាំងអស់គ្នាតែងស្រមៃថា ខ្លួនជាតួឯក។ តែផ្ទុយទៅវិញ ភាពជាក់ស្ដែងនៃដំណើរជីវិតរបស់មនុស្សគ្រប់គ្នាគឺនែក... «ប៊ុម!»...ជាហេតុធ្វើអោយយើងថមថយទំនុកចិត្តលើខ្លួនឯង (ម៉ាញិប) ។ បន្ទាប់មកក៏គិតក្នុងចិត្តថា «ហ៊ឺ!!! ហេតុអ្វីបានទៅបែរទៅជាបែបនេះ? តិចមានចោរលួចទេដឹង...»​​ ហើយក៏បន្ទោស ព្រហ្មលិខិត (ខ្ញុំអត់ដឹងអីទេ)។

«ធ្វើអានេះអត់ចេញទេ មកពី gene របស់ខ្ញុំមិនដល់ បែរទៅធ្វើអានោះហើយនៅមិនកើតទៀត មកពីសំណាងយើងមិនដល់គេ» រួចអង្គុយចាំសំណាងធ្លាក់មកពីលើមេឃ។ អច្ចឹង មានតែអោយព្រហ្មលិខិតយកទៅ (ខ្ញុំយកទៅមែនហើយ កុំអង្គុយទឹកភ្នែកជូតក្បាលជង្គង់ណា)។ ហិហិ លួងគេភ្លាម!!!

ប៉ុន្តែបើនិយាយលួងខ្លួនឯងវិញ (តែជាកាពិត) ជីវិតរបស់យើង មិនមែនត្រឹមតែជាតួឯកទេ ហើយថែមទាំងជាអ្នកនិពន្ធទៀត។ សាកស្រមៃមើលបើអោយ ព្រហ្មលិខិត ជាអ្នកនិពន្ធ ហើយមនុស្សស្រីជាតួឯកនោះ ថាមិនត្រូវចំណងជើងរឿង ជិវិតស្រ្តីមេផ្ទះ (អ្នកម្ដាយដ៏អស្ចារ្យរបស់កូន) មិនខានទេ។ ហើយចុះបើយើងជាអ្នកនិពន្ធខ្លួនឯង តើមានតួអង្គតែម្នាក់មែនទេ? (អច្ចឹងខ្លួនតែមួយ ប្រាកដជាតួឯកហើយ ហិហិ)។

ជាការពិតណាស់ ខ្លួនយើងពិតជាមានតែមួយ តែក្នុងរឿងដែលយើងនិពន្ធខ្លួនឯងនេះ គឺមានចរិតលក្ខណៈរបស់តួ 3 ផ្សេងគ្នា៖ តួឯក តួអាក្រក់ និង តួរង ។

1) តួឯក៖ ការស្គាល់តួឯក ដូចជាការស្គាល់ខ្លួនឯង។ អច្ចឹង អ្នកទាំងអស់គ្នាត្រូវដឹងថា ខ្លួនឯងជាអ្នកណា? ពូកែខាងអ្វី? ខ្សោយខាងអ្វី? មានតួនាទី និងទំនួលខុសត្រូវអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គម? បញ្ជាក់ផងដែរថា ការស្គាល់ខ្លួនឯង ពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែ មនុស្សម្នាក់ៗ មានក្ដីស្រមៃ និងមហិចតាខុសគ្នា។ ម្យ៉ាងវិញទៀត ការស្គាល់ខ្លួនឯង ប្រៀបដូចជាការសរសេរខ្សែរឿងមួយអច្ចឹង យើងមិនមែនចាំតែដើរទេ ពោលគឺយើងត្រូវត្រៀមលក្ខណៈ ក៏ដូចជាតម្រូវការរបស់យើងដើម្បីបានសម្រេចបំណងរបស់យើង។ ដូចនេះ កាលណាក្ដីស្រមៃរបស់យើង (ជាអ្វីមួយដែលត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ មិនខុសច្បាប់) កាន់តែច្បាស់លាស់ យើងតែងមានទំនុកចិត្តជាងមុន ក្នុងការធ្វើ និងបង្ហាញអោយមនុស្សជុំវិញខ្លូនយើងឃើញ។ ជាលទ្ធផលភាគរយដែលទទួលបានក៏កាន់តែខ្ពស់ដែរ តែមិនមែនមានន័យថា វាល្អឥតខ្ចោះនោះទេ ដោយសារតែមានការរំខានពី តួអាក្រក់ (ដល់គេវៃសួរថាថី?)។

2) តួអាក្រក់៖ មានគេនិយាយថា៖«ការយកឈ្នះខ្លួនឯង ជារឿងដែលពិបាកជាងគេ»។ តួអង្គមួយនេះ យើងអាចនឹងរកឃើញនៅពេលដែលកំពុងប្រឈមនឹងបញ្ហា។ ឧ. យើងគិតថា រឿងតែប៉ុណ្ណឹងចាំតិចទៀតចាំធ្វើ ឬមិនបាច់ធ្វើក៏បាន។ ត្រូវចាំថា ជិវិតយើងនឹងមិនបានថ្កុំថ្កើននោះទេ បើយើងអោយតួអង្គមួយនេះឈ្នះគ្រប់ពេល។ ប្រាកដណាស់ ការយកឈ្នះខ្លួនឯង មិនងាយស្រួលទេ ព្រោះតែតួអង្គមួយនេះនៅជាមួយយើងរហូត។ យ៉ាងណាមិញ វាមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបានឯណា យើងអាចព្យាយាមម្ដងបន្តិចៗ កុំអោយវាឈ្នះរហូតបាន តែយើងត្រូវធ្វើយ៉ាងណាចេះម្ចាស់ការលើខ្លួនឯង។ «ចំណងអ្នកណាចង អ្នកនោះជាអ្នកស្រាយ» បញ្ហារបស់យើង មានតែយើងទេដែលដោះស្រាយបាន។ សម្ដីនេះពិតជាត្រឹមត្រូវ (សម្ដីមាស) ប៉ុន្ដែយើងត្រូវមានភាពក្លាហាន និងរឹងមាំដើម្បីដោះស្រាយវា។ តែទាំងអស់អស់នេះ ពិតជាមិនងាយស្រួលទេ ជាពិសេសនៅពេលដែលយើងឈ្លោះគ្នាជាមួយខ្លួនឯង។

«ជម្លោះរវាងអ្វីដែលត្រូវធ្វើ និងភាពសប្បាយរីករាយ»​​ 

«ការខ្វែងគំនិតថា ធ្វើត្រឹមនឹងបានហើយ និង គួរតែធ្វើឲ្យកាន់តែល្អជាងនេះ»...

សម្ពាធកើនឡើងច្រើនទៅៗ តែយើងអាចយកឈ្នះតួអង្គមួយនេះបាន ដោយសារតែមាន តួរង (កម្លាំងចិត្ត) ។

3) តួរង៖ វាជាកម្លាំងចិត្តដែលកើតចេញមកពីខ្លួនយើងផ្ទាល់។ អច្ចឹង យើងត្រូវរៀនបង្កើតកម្លាំងចិត្ត៖

- យើងត្រូវរកអ្នកដែលស្រាលាញ់យើងពិតប្រាកដ ពោលគឺអ្នកដែលជួយសាទរយើងនៅពេលដែលយើងជោគជ័យ ហើយបន្ទាប់មកត្រូវបើកចិត្តអោយគេយល់ពីយើង (កុំបន្ទោសថាគ្មានអ្នកណាយល់ចិត្ត បើអ្នកមិនធ្លាប់បើកចិត្តទូលាយអោយគេយល់)។​ 

- យើងត្រូវចេះថែរក្សាមនុស្សម្នាក់នោះ គឺត្រូវធ្វើជា កម្លាំងចិត្ត ក្នុងជិវិតម្នាក់នោះវិញ​ (ត្រូវចេះស្ដាប់គ្នា ពិភាក្សាគ្នា) តែមិនត្រូវគិតផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ 

- ហេតុនេះ អ្នកអាចក្រឡេកមើលទៅជុំវិញខ្លួន ហើយគិតថាមានអ្នកណាខ្លះដែលចាំជួយផ្ដល់កម្លាំងចិត្តដល់អ្នករួមមាន គ្រួសារ សាច់ញាតិ មិត្តភក្តិ...។

អច្ចឹង មានតែយើងទេ ជាអ្នកនិពន្ធជិវិតខ្លួនឯង។ យើងត្រូវដឹងថាខ្លួនឯងជាអ្នកណា ហើយព្យាយាមយកឈ្នះតួអាក្រក់។ សូមបញ្ជាក់ដែរថា ការសាងកំហុស​ ភាពបរាជ័យ ការដើរដួលលើមាគា៌ជិវិតជារឿងធម្មតា តែត្រូវចាំថា អ្នកមិនបានបោះបង់វាចោលទេ។​ 


ដកស្រង់ចេញពី៖ ការនិយាយជាសាធារណៈ«Sreynea Nea» នៅ Ignite Cambodia

Saturday, August 15, 2020

អត្ថបទទី២ ធំចេញពីតូច

វគ្គទី១៖

    ដើមឈើធំមួយដែលមានអាយុប្រមាណ ២០០០ឆ្នាំ វាមានកម្ពស់ប្រហែលជាអាគារ ៣៣ជាន់ ហើយត្រូវបានរកឃើញដំបូងក្នុងឧទ្យានមួយនៅរដ្ឋកាលីហ្វញ៉ា។ វាជាដើមឈើដ៏ធំបំផុតក្នុងលោក។​ តែអ្វីដែលសំខាន់ ដើមឈើដ៏ធំមួយនេះដុះចេញពីគ្រាប់ពូជដ៏តូចមួយតែប៉ុណ្ណោះ។ ចំណែកមនុស្សយើង ក៏ដូចគ្នាដែរ មនុស្សខ្លះតូចទាប រៀនមិនសូវពូកែ មនុស្សដែលបរាជ័យ ឬក្រីក្រ មនុស្សដែលយើងក្រឡេកមើលទៅជីវិតរបស់ពួកគាត់ហាក់បីដូចជាគ្មានអ្វីសោះ។ យើងក្រឡេកមើលទៅពួកគាត់ដូចជាគ្រាប់ពូជដ៏មួយអញ្ចឹង ដោយមិនបានដឹងទេថា បើគេទទួលបានការមើលថែមួយដ៏ល្អ ជួបគ្រូឬអ្នកណែនាំដែលត្រឹមត្រូវ ឬបានអានសៀវភៅល្អ ប្រៀបដូចជាគ្រាប់ពូជមួយដ៏តូចមួយដែលទទួលបានការមើលថែ ស្រោចទឹក ដាក់ជី ឬទទួលបានជីវជាតិពីដី ហើយក្លាយជាដើមឈើដ៏ធំខ្ពស់ហួសពីការគិត។ ខ្លួនយើងក៏ដូចគ្នាដែរ បើពេលនេះ យើងមើលឃើញខ្លួនឯងប្រៀបដូចជាគ្រាប់ពូជដ៏តូចដែលគ្មានតម្លៃ សូមកុំវិនិច្ឆ័យអោយសោះ ។

    យើងត្រូវបន្តស្រោចទឹក ដាក់ជី ស្វែងរកអ្វីល្អៗដាក់ខ្លួនយើង។ ចូរអ្នកក្រឡេកទៅមើលបុគ្គលល្បីៗមួយចំនួនដូចជា J.K. Rowling, Steve Job, Jack Ma...ពួកគាត់ពីមុនសុទ្ធតែជាគ្រាប់ពូជដ៏តូចមួយដែលគ្មានតម្លៃ តែពេលនេះពួកគាត់បានក្លាយខ្លួនជាមនុស្សដែលជោគជ័យយ៉ាងអស្ចារ្យ។ 

ដើមឈើដ៏ធំអស្ចារ្យ កាលពីដំបូងគ្រាន់តែជាគ្រាប់ពូជដ៏តូចមួយដែលមិនព្រមចុះចាញ់នឹងការលំបាកដែលជីវិតផ្ដល់អោយតែប៉ុណ្ណោះ។ អ្នកក៏អាចធ្វើបានដូចគ្នា កុំរាលថយ កុំអស់សង្ឃឹមអោយសោះ ហើយបន្តអភិវឌ្ឍន៍ខ្លួនជានិច្ច។ កុំខ្វល់ពីពាក្យវិនិច្ឆ័យរបស់អ្នកដទៃ ហើយយើងខ្លួនឯងក៏កុំវិនិច្ឆ័យអ្នកដទៃដូចគ្នា។ កុំវិនិច្ឆ័យដើមឈើពេលដែលវារីកលូតលាស់ធំ ហើយកុំវិនិច្ឆ័យនរណាម្នាក់ថាល្ងង់ នៅពេលដែលម្នាក់នោះកំពុងសិក្សារៀនសូត្រ ស្វែងយល់ពីចំណេះដឹង។

វគ្គទី២៖

    ហាងកាហ្វេមួយនៅក្នុងប្រទេសស្កុតឡែន ដែលជាកន្លែងដើមកំណើតរបស់សៀវភៅ HARRY POTTER វគ្គមួយ​ ហើយសៀវភៅនេះនិពន្ធដោយ J.K. Rowling ជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់។ នៅតាមជញ្ចាំងហាងកាហ្វេនេះមានសុទ្ធតែពាក្យសសើរពីអ្នកគាំទ្រជាច្រើនដល់គាត់ ដែលបានសរសេរសៀវភៅនេះឡើងមក។ ពេលដែលគាត់ចាប់ផ្ដើមសរសេរសៀវភៅនេះដំបូង មិនមាននរណាម្នាក់ស្គាល់គាត់ទាល់តែសោះ គាត់គ្រាន់តែអង្គុយដ៏ស្ងៀមស្ងាត់តែម្នាក់ឯង ហើយសរសេរសៀវភៅនោះមួយថ្ងៃបន្តិចៗ រហូតដល់តែចប់។ ហើយដល់សព្វថ្ងៃនេះ គាត់បានក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាល និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញអស្ចារ្យ ហើយបានលើកទឹកចិត្តមនុស្សជាច្រើនអោយស្រលាញ់ការអាន ការសរសេរ។ ដើមកំណើតរបស់គាត់កើតចេញពីការសរសេរនៅក្នុងហាងកាហ្វេតូចមួយនេះតែប៉ុណ្ណោះ ។ ដូចដែលបានលើកឡើងពីខាងលើកអញ្ចឹង គ្រប់យ៉ាងដែលធំ ល្បីល្បាញអស្ចារ្យនៅក្នុងលោកនេះសុទ្ធតែមានដើមកំណើតចេញពីអ្វីដែលតូចមួយតែប៉ុណ្ណោះ។ ដូចជាប្រាសាទអង្គវត្ត ពីរ៉ាមីត កំពែងរបស់ចិន ក៏កើតចេញពីថ្មដុំល្អិតតូចៗផ្គុំចូលគ្នាដែរ។ បើយើងមានក្ដីសុបិនធំ តែអ្វីដែលយើងកំពុងតែធ្វើពេលនេះ មើលទៅវាដូចជាតូចតាច ទើបតែចាប់ផ្ដើមនិងធ្វើវាមិនទាន់លេចចេញជារូបរាង ឬនរណាម្នាក់ស្គាល់ សូមអ្នកកុំអស់សង្ឃឹមអី ព្រោះនេះហើយជាដើមកំណើតនៃអ្វីដែលធំអស្ចារ្យ អោយតែយើងតស៊ូធ្វើវាមិនបោះបង់។ ធ្វើមួយថ្ងៃបន្តិៗ ធ្វើតាមវិន័យ មិនមែនធ្វើតាមអារម្មណ៍ នោះថ្ងៃណាមួយអ្នកនឹងអាចសម្រេចនៅក្ដីសុបិន្តរបស់អ្នក។

ដំណើររាប់ពាន់យោជន៍ ចាប់ផ្ដើមពីជំហានទី១។

ដកស្រង់ចេញពី សៀវភៅកូនសិស្សជីវិត​ (1) --និពន្ធដោយ សេង ហ្គិចលី

អត្ថបទទី១ តម្លៃនៃជីវិត

រឿងនិទាននៅខាងក្រោមនេះជាសៀវភៅរឿងព្រេងរបស់សាសនាមួយដែលបានកើតឡើងប្រហែលជា ៥០០ ឆ្នាំមុនគ.ស នៅភាគខាងជើងប្រទេសឥណ្ឌា ក្នុងរដ្ឋ មួយ ដែលបច្ចុប្បន្ននេះស្ថិតក្នុងប្រទេសប៉ាគីស្ថាន ។ 

    កាលនោះមានក្មេងប្រុសម្នាក់បានសួរទៅកាន់លោកគ្រូរបស់គេថា៖«តើតម្លៃនៃជីវិតរបស់ខ្ញុំគឺជាអ្វី?» 

បន្ទាប់ពីបានលឺសំណួរនេះ គ្រូក៏បានអោយដុំថ្មមួយទៅកាន់ក្មេងប្រុសនោះ ហើយប្រាប់ថា៖«ចូរឯងទៅស្វែងរកតម្លៃនៃដុំថ្មនេះសិន តែដាច់ខាតឯងកុំអាលលក់ថ្មនេះអោយសោះ។»

ក្មេងប្រុសនោះក៏បានកាន់ដុំថ្មមួយនោះរត់ចេញទៅ ។ នៅតាមផ្លូវ វាបានសាកសួរអ្នកលក់ក្រូចម្នាក់ថា៖«តើលោកអោយតម្លៃថ្មមួយដុំនេះប៉ុន្មាន?» ដោយបានឃើញថាថ្មមួយដុំនោះហាក់ដូចជាភ្លឺគួរសមដែរ អ្នកលក់ក្រូចក៏សម្រេចដូរក្រូច ១២ផ្លែរបស់ខ្លួនជាមួយនឹងថ្មរបស់ក្មេងនោះ។ តែក្មេងប្រុសនោះនិយាយថា៖«សូមទោស! ខ្ញុំមិនអាចលក់ថ្មនេះបានឡើយ ព្រោះនេះជាបណ្ដាំរបស់លោកគ្រូខ្ញុំ។» 

បន្ទាប់មកទៀត ក្មេងប្រុសម្នាក់នោះក៏បានធ្វើដំណើរបន្តទៅទៀត ហើយក៏បានទៅជួបជាមួយអ្នកលក់បន្លែ។​​ វាក៏សួរសំណួរដដែលនោះទៅកាន់អ្នកលក់បន្លែវិញម្ដង។ បន្ទាប់ពីសង្កេតមើលយ៉ាងល្អិតល្អន់ហើយ អ្នកលក់បន្លែក៏បាននិយាយថា៖«យកដំឡូងបារាំងមួយថង់ធំនេះចុះ ហើយអោយថ្មនោះមកខ្ញុំ។ ក្មេងប្រុសនោះក៏បានបដិសេធ ដោយប្រាប់ពីហេតុផលដែលវាមិនអាចលក់បាន។ 

ក្រោយមក វាក៏បានចូលទៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង ដើម្បីសួរតម្លៃរបស់ថ្មនោះ។ ម្ចាស់ហាងក៏បានយកឧបករណ៍មកឆ្លុះមើលថ្មនោះ ហើយក៏និយាយថា៖«ខ្ញុំអោយតម្លៃឯង ២០លាន។» ក្មេងនោះក៏តបថា៖«ខ្ញុំមិនអាចលក់វាបានទេ។» ម្ចាស់ហាងក៏បន្តទៀតថា៖«ឥឡូវខ្ញុំថែមអោយ ៥លានទៀត។» ក្មេងនោះក៏បានបដិសេធថា៖«សុំទោស ខ្ញុំមិនអាចលក់វាបានទេ។»

ក្មេងម្មាក់នោះក៏បានដើរចេញពីហាងនេះ ហើយវាបានឃើញហាងលក់ថ្មមានតម្លៃមួយកន្លែង វាក៏បានបង្ហាញថ្មមួយដុំនោះទៅកាន់ម្ចាស់ហាង។ គ្រាន់តែក្រឡេកឃើញថ្មនោះភ្លាម ម្ចាស់ហាងក៏បានលាន់មាត់ថា៖«នេះជាថ្មមានតម្លៃកម្រមាន ហើយពិបាករកខ្លាំងណាស់ បើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួន និងទ្រព្យសម្បត្តិតរបស់ខ្ញុំក៏ប្រហែលជា មិនអាចទិញថ្មដ៏កម្រនិងមានតម្លៃនេះបានដែរ។» ក្មេងប្រុសនោះឈរស្ដាប់ទាំងមានអារម្មណ៍ភ្ញាក់ផ្អើល និងមានអារម្មណ៍ស្រពេជ្រស្រពិលក្នុងចិត្តជាខ្លាំង។ 

បន្ទាប់មក វាក៏បានរត់ទៅប្រាប់លោកគ្រូរបស់វាពីរឿងរ៉ាវដែលបានកើតឡើង។ ទើបលោកគ្រូបានសួរតបវិញថា៖«តើឯងបានរកឃើញគុណតម្លៃជិវិតរបស់ឯងហើយឬនៅ?»

ចម្លើយដែលឯងទទួលបានពីអ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់គ្រឿងអលង្ការ និងអ្នកលក់ថ្មមានតម្លៃ គឺជាការពន្យល់អំពីតម្លៃនៃជីវិតរបស់យើងម្នាក់ៗ។ វាមិនសំខាន់ថា យើងកើតមកក្នុងឋានៈគ្រួសារអ្នកមានឬ គ្រួសារអ្នកក្រ សម្បុរយើងខ្មៅឬស មានមុខមាត់ល្បីល្បាញក្នុងសង្គមនោះទេ។ 

ដូចនេះមនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃ គ្រាន់តែតម្លៃរបស់យើង មិនប្រាកដថាមនុស្សគ្រប់គ្នាអាចមើលឃើញដូចគ្នានោះទេ។ អ្នកខ្លះមើលឃើញតម្លៃរបស់យើងស្មើរនឹងផ្លែក្រូច ១២ផ្លែ អ្នកខ្លះមើលឃើញរហូតដល់ ២០លានឬលើសពីនឹងទៀតក៏មាន។ សម្រាប់ខ្ញុំវិញ ពេលវេលាដែលខ្ញុំធំដឹងក្ដីកន្លងមក ខ្ញុំបាននៅក្បែរមនុស្សជាច្រើន ដែលបានមើលឃើញតម្លៃរបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគ្រាន់តែជាដុំថ្មដែលមានតម្លៃត្រឹមតែផ្លែក្រូច​ ១២ផ្លែ ឬតិចជាងនឹង។ ប៉ុន្ដែសំណាងល្អដែលខ្ញុំបានមករៀននៅ ឡាយគ្រុប បានជួបមនុស្សដែលគាត់មើលពិភពលោកក្នុងផ្លូវល្អ មនុស្សដែលមើលឃើញពីតម្លៃនិងការគិតរបស់ខ្ញុំល្អៗ។ ពេលដែលយើងកំពុងជួបប្រទះ ឬរស់នៅក្នុងស្ថានភាពមួយដែលមនុស្សមើលឃើញតម្លៃរបស់យើងត្រឹមតែក្រូច ១២ផ្លែ កុំខឹងនឹងមនុស្សទាំងនោះអី ព្រោះពួកគេគ្រាន់តែមិនបានមើលឃើញពីតម្លៃរបស់យើងតែប៉ុណ្ណោះ។ យើងគ្រាន់តែដើរចេញពីមនុស្សទាំងអស់នោះ ហើយទៅរកមនុស្សដែលគេមើលឃើញពីតម្លៃរបស់យើងវិញ។ 

ដូចគ្នានេះដែរ យើងគ្រប់គ្នាសុទ្ធតែដឹងថា ពេជ្រគឺជាវត្ថុដ៏មានតម្លៃ តែបើយើងបាចពេជ្រ និងស្រូវទៅលើដី អោយមាន់រើស ប្រាកដណាស់មាន់នឹងត្រេកត្រអាលរើសយកគ្រាប់ស្រូវ ដោយមិនខ្វល់ពីគ្រាប់ពេជ្រឡើយ។ តើវាមានន័យថា ពេជ្រនោះជារបស់ដែលគ្មាតម្លៃមែនទេ? មិនមែនទេ ពេជ្រនៅតែជាពេជ្រ វានៅតែជារបស់មានតម្លៃគ្រាន់តែតម្លៃរបស់វាមិនត្រូវបានមាន់មើលឃើញតែប៉ុណ្ណោះ។ 

ចូរជ្រើសរើសនៅក្បែរមនុស្សដែលឃើញពីតម្លៃរបស់យើង និងឧស្សាហ៍រំលឹកយើងអោយមើលឃើញពីតម្លៃរបស់ខ្លួនឯង។​ កុំគិតថា ខ្លួនឯងគ្មានតម្លៃដោយសារតែអ្នកដទៃមិនបានមើលឃើញពីតម្លៃរបស់យើង។ ជួនកាលក្នុងជីវិតរបស់យើង យើងធ្វើរឿងដដែលៗមានតម្លៃតែមិនត្រូវបានមនុស្សមើលឃើញ។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា៖«សូមបន្តធ្វើវាទៀតចុះ ព្រោះថ្ងៃណាមួយតម្លៃរបស់យើងប្រាកដជាមានមនុស្សមើលឃើញជាមិនខាន។ ជួនកាល យើងកំពុងតែគ្មានអ្វីទាំងអស់ លុយកាក់ ឋានៈ កេរ្តិ៍ឈ្មោះ កិត្តិយស តែក៏នៅតែមានមនុស្សមើលឃើញតម្លៃរបស់យើង។ មនុស្សទាំងនោះពិបាករកខ្លាំងណាស់។ ដូចនេះ ចូរថែរក្សាគេអោយបានល្អបំផុត តែបើពេលនេះអ្នកមិនទាន់ជួបមនុស្សប្រភេទនោះទេ​ ក៏កុំទាន់អស់សង្ឃឹមអី បន្តព្យាយាមស្វែងរកពួកគេ ថ្ងៃណាមួយអ្នកនឹងប្រាកដជាបានជួបជាក់ជាមិនខាន។​ ខ្ញុំសុខចិត្តធ្វើការអោយខ្លួនឯងមួយរយៈ ប្រសើរជាជាងធ្វើការជាមួយមនុស្សច្រើននាក់ ដែលគេមិនបានមើលឃើញពីតម្លៃរបស់ខ្ញុំ។»

ដកស្រង់ចេញសៀវភៅ កូនសិស្សជីវិត (1)​​ --​ និពន្ធដោយ​ សេង ហ្គេចលី

Saturday, August 1, 2020

ប្រធានបទ៖ ទស្សនៈមួយបានលើកឡើងថា ​«ការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១»។​ ចូរបកស្រាយអធិប្បាយពន្យល់លើកអំណះអំណាងមកបញ្ជាក់ឲ្យបានច្បាស់លាស់។

សេចក្ដីអធិប្បាយ

        ការសិក្សានឹងការអប់រំគឺជាធាតុស្នូលដ៏សំខាន់ពុំអាចខ្វះបានក្នុងជីវភាពរស់នៅរបស់មនុស្សជាតិ។​ ភាពបន្តឥតព្រំដែននៃការសិក្សារៀនសូត្រ គ្មានអ្វីជាទីបញ្ចប់ឡើយ ដរាបណាជីវិត ការតស៊ូ និងភាពជឿជាក់លើខ្លួនឯងនៅតែមាន ស្របតាមសម័យកាលទំនើបភាវូបនីយកម្មនៃពិភពលោកបច្ចុប្បន្ន និងទៅអនាគតជុំវិញបញ្ហាការសិក្សានិងការអប់រំនេះ ទើបមានទស្សនៈបានលើកឡើងថា «ការសិក្សាពេញមួយជីវិត គឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១»។

            ហេតុអ្វីបានជារបៀបនៃការអប់រំក្នុងសតវត្សទី​២១ គឺជាការសិក្សាពេញមួយជីវិត?

      មុននឹងធ្វើការបកស្រាយ អធិប្បាយពន្យល់ ជាបឋមត្រូវស្វែងយល់នូវន័យរបស់ពាក្យគន្លឹះជាមុនសិន។​ «ការសិក្សា គឺជាការរៀនសូត្រ ការក្រេបយកនូវចំណេះ ទាំងចំណេះដឹង និងចំណេះធ្វើ។ រីឯ «ការអប់រំ» សំដៅដល់ការបណ្ដុះបណ្ដាល បំពាក់បំប៉នមនុស្សឲ្យក្លាយជាធនធានអ្វីមួយដែលគេចង់បាន។ ដោយឡែក «សតវត្សទី២១» គឺជាយុគសម័យថ្មី សម័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ បានសេចក្ដីថា ការសិក្សារៀនសូត្រពេញមួយជីវិត គឺជាវិធីសាស្ត្រនៃការបណ្ដុះបណ្ដាល បំពាក់បំប៉នមនុស្សស្របតាមសម័យសកលភាវូបនីយកម្ម ពោលគឺសតវត្សទី ២១ ដែលជាយុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបនេះឯង។

        ជាការពិតណាស់ ការសិក្សាអស់មួយជីវិត គឺពិតជាស្របស្រួលទៅនឹងការរស់នៅផងដែរ បើយើងពិនិត្យមើលរបៀបនៃការអប់រំក្នុងសតវត្សទី២១ ពិសេសបើនិយាយពីបែបបទនៃការអប់រំក្នុងសតវត្សទី២១ យើងឃើញថាការអប់រំដោយមិនប្រកាន់ភេទ វ័យ និងវណ្ណៈ។ ការអប់រំក្នុងប្រព័ន្ធ ដោយសិក្សាសដោយផ្ទាល់ជាមួយគ្រូជាដើម និងការអប់រំក្រៅប្រព័ន្ធ ដោយការអប់រំនឹងការស្រាវជ្រាវផងដែរ។ បើនិយាយពីគោលបំណងនៃការអប់រំក្នុងសម័យសកលភាវូនីយកម្មសតវត្សទី២១ ពិសេសតាមរយៈចតុស្តម្ភនៃការអប់រំ គឺអប់រំចំណេះដឹង ចំណេះធ្វើ អប់រំសីលធម៌ អប់រំអោយចេះរួបរួមស្របស្រួលក្នុងសង្គមប្រកបទៅដោយសន្តិសហវិជ្ជមានថែមទៀតផង។ បើនិយាយពីសមាសភាពអប់រំទាំងប្រាំមួយរួមមាន អប់រំកាយ អប់រំបញ្ញា អប់រំពលកម្ម អប់រំសុខភាព អប់រំសោភ័ណ។ លើសពីនេះ ចក្ខុវិស័យបេសកកម្ម វត្ថុបំណង និងផែនការយុទ្ធសាស្ត្រលើវិស័យអប់រំ ក៏ជាវិធីសាស្រ្តនៃប្រព័ន្ធអប់រំក្នុងសតវត្សថ្មីនេះដែរ។ លើផ្នែកចក្ខុវិស័យ គឺកសាងនិងអភិវឌ្ឍធនធានមនុស្សឲ្យសម្រេចតាមចតុស្តម្ភ និងសមាសភាពនៃការអប់រំ។ លើផ្នែកបេសកកម្ម គឺគ្រប់គ្រងអភិវឌ្ឍវិស័យអប់រំស្របតាមកម្មវិធីអភិវឌ្ឍជាតិ។ វត្ថិបំណង គឺមានវត្ថុបំណងចំពោះមុខ និងយុអង្វែង។ វត្ថុបំណងចំពោះមុខ គឺធានាថាយុវជនមានឱកាសស្មើគ្នា គ្មានការរើសអើងក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ ឯវត្ថុបំណងយូរអង្វែង គឺអភិវឌ្ឍយុវជនឲ្យមានស្មារតីជាតិ មោទនភាពជាតិ មានសីលធម៌ និងគុណភាពខ្ពស់ សុទិដ្ឋិនិយមចំពោះជាតិ និងមានសមត្ថភាពខ្ពស់។ ជាក់ស្ដែង អាជីវកម្មប្រចាំថ្ងៃ យើងឃើញថាអាជីវករត្រូវស្វែងយល់ពីបរិបទ នៃមុខជំនួញរកស៊ីរបស់មនុស្សស្របតាមស្ថានភាពសង្គម។ រីឯប្រជាកសិករត្រូវស្វែងយល់ពីការដាំដុះ ការថែរក្សា និងទីផ្សារកសិផលជាដើម។ ដោយឡែក អ្នកជំនាញឯកទេសដូចជាគ្រូបង្រៀន ត្រូវសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីផ្ដល់ពុទ្ធិពិតប្រាកដដល់សិស្ស និស្សិត។​ គ្រូពេទ្យត្រូវខិតខំស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ដើម្បីស្វែងរកវិធីសាស្ត្រល្អៗក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆាប់ជាសះស្បើយ។ អ្នកនិពន្ធត្រូវសិក្សាគ្រប់បរិធាតុនៃសង្គមកម្ម និងបរិបទទូទៅនៃសង្គមមនុស្ស។ សិស្ស និស្សិត ត្រូវស្វ័យសិក្សាជាប្រចាំថ្ងៃ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមុខវិជ្ជាសិក្សាផ្សេងៗនៅកម្រិតមធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា។ ពិសេសជានេះទៅទៀតបើយើងពិនិត្យក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ យើងក៏អាចទាញយកនូវទិដ្ឋភាពនៃការសិក្សារៀនសូត្រពេញមួយជិវិតរបស់តួអង្គនានាមកបង្ហាញផងដែរ។ បទពិសោធន៍ដែលកើតចេញពីចំណេះដឹង ពោលគឺការិសិក្សារៀនសូត្រនេះ វាស្របស្រួលទៅនឹងបរិបទនៃការអប់រំក្នុងសម័យបច្ចេកវិទ្យាទំនើបនេះថែមទៀត។ តួយ៉ាងតួអង្គចៅចិត្រ ក្នុងរឿងកុលាបបៃលិន តួអង្គសម ក្នុងរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ អ្នកនិពន្ធសុទ្ធតែបានធ្វើការបង្ហាញពីការសិក្សារៀនសូត្ររបស់តួអង្គ ដែលមិនព្រមធ្វើជាទាសករនៃភាពក្រីក្រនោះឡើយ។

            ជារួមមក ការសិក្សារៀនសូត្រពេញមួយជីវិត គឺពិតជាសត្តិសមទៅនឹងបែបបទនៃការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិ។

            ឆ្លងតាមការបកស្រាយ និងអំណាះអំណាងខាងលើរួមមក យើងអាចវាយតម្លៃជាចុងក្រោយបានថា ការលើឡើងនៃពំនោលខាងលើនេះ គឺពិតជាមានតម្លៃជាសកល គ្រប់ជ្រុងជ្រោយ ដ្បិតបានបង្ហាញពីភាពគ្មានព្រំដែន និងនិរន្តភាពនៃចំណេះដឹង ស្របស្រួលទៅនឹងការអប់រំនាសតវត្សទី ២១៕