បើអ្នកឆ្លើយថា ភ្នំអេវើរ៉េស នោះ គឺនែក...សោកស្ដាយផង ហិហិ...ចម្លើយនេះមិនត្រឹមត្រូវទេ។
ទែនៗៗ ចម្លើយដែលត្រឹមត្រូវនោះគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលជាចំណុចខ្ពស់បំផុតនៅលើប្រជុំកោះហាវ៉ៃ ប្រទេសអាមេរិក។
មែនទែនទៅ ភ្នំម៉ូណាគា ជាភ្នំភ្លើងដែលរលត់ស្ងប់ឈីងមួយ ហើយវាមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រប្រមាណ ៤ ២០៦ ម៉ែត្រ។ ប៉ុន្ដែបើវាស់ពីជើងភ្នំ ដែលនៅជាប់ផ្ទៃដីបាតសមុទ្រវិញ វាមានកម្ពស់រហូតដល់ទៅ ១០ ២០០ ម៉ែត្រឯណោះ គឺខ្ពស់ជាង ភ្នំអេវើរ៉េស ប្រហែលជា ១ ២០០ ម៉ែត្រ។
ចំណាំ៖ បើនិយាយពី ភ្នំដែលខ្ពស់ជាងគេ គឺសម្ដៅលើការចាប់វាស់ពីនីវ៉ូទឹកសមុទ្រ ទៅដល់កំពូលភ្នំ។ ឯ ភ្នំដែលមានកម្ពស់ខ្ពស់បំផុត គឺសម្ដៅលើការវាស់ពីជើងភ្នំ រហូតដល់កំពូលភ្នំ។
ហេតុនេះនៅពេលដែលគេនិយាយថា ភ្នំអេវើរ៉េស ជាភ្នំដែលខ្ពស់បំផុតក្នុងពិភពលោក គឺមានកម្ពស់ ៨ ៨៤៨ម៉ែត្រ នោះមិនមែនសម្ដៅទៅលើភ្នំដែលមានកម្ពស់ខ្ពស់បំផុតទេ។
តាមពិតទៅណា ការវាស់ភ្នំមិនងាយស្រួលដូចមើលឃើញនឹងភ្នែកនោះទេ ព្រោះការរកមើលកំពូលភ្នំជារឿងងាយ តែបើរកមើលជើងភ្នំវិញណា ពិបាកណាស់។
ឧទាហរណ៍ អ្នកខ្លះប្រកែកថា ភ្នំឃិល្លីម៉ាន់ចារ៉ូ នៅប្រទេសតង់ហ្សានី ដែលមានកម្ពស់ត្រឹមតែ ៥ ៨៩៥ ម៉ែត្រ នោះខ្ពស់ជាង ភ្នំអេវើរ៉េស ព្រោះវាស្ថិតនៅចំកណ្ដាលវាលទំនាបនៃទ្វីបអាហ្រ្វីក។ ចំណែកឯ ភ្នំអេវើរ៉េស គ្រាន់តែជាកំពូលភ្នំមួយនៅក្នុងចំណោមកំពូលភ្នំជាច្រើនដែលផុសចេញពីផ្ទាំងដ៏ធំមហិមារបស់ជួរភ្នំហិមាល័យតែប៉ុណ្ណោះ។
បើក្រឡេកទៅមើលទស្សនៈរបស់មនុស្សមួយចំនួនទៀត បានលើកឡើងនូវវិធីសមហេតុផលមួយគឺ វាស់រយៈចម្ងាយពីកំពូលភ្នំ ទៅដល់ចំណុចស្នូលផែនដី។ តែដោយសាររាងរបស់ផែនដីគឺស៊្វែរ ធ្វើអោយរយៈចម្ងាយពីសម្បកផែនដីត្រង់ខ្សែអេក្វាទ័រទៅកាន់ចំណុចស្នូលផែនដី ឆ្ងាយជាងរយៈចម្ងាយពីសម្បកផែកដីត្រង់ចំណុចប៉ូលទៅកាន់ចំណុចស្នូលផែនដីប្រហែល ២១ គីឡូម៉ែត្រ។ បើវ៉ាស់បែបនេះ ប្រាកដណាស់ភ្នំដែលស្ថិតនៅត្រង់ខ្សែអេក្វាទ័រ សុទ្ធតែជាភ្នំខ្ពស់ជាងគេហើយ។ តើអ្នកយល់ស្របតាមគេដែរ ឬទេ?
សូមពិចារណាតាមការគួរ! ហេហេ...
Thanks for your reading 🙏
No comments:
Post a Comment